មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោក ខៀវ កាញារីទ្ធ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ ជួយសហការផ្ដល់នូវព័ត៌មានពិត អោយបានទាន់ពេលវេលា

លោក ខៀវ កាញារីទ្ធ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ ជួយសហការផ្ដល់នូវព័ត៌មានពិត អោយបានទាន់ពេលវេលា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការជម្រុញដល់អាជ្ញាធរគ្រប់អង្គភាពស្ថាប័នរដ្ឋ ធ្វើយ៉ាងណា មានការសហការអោយបានជិតស្និទ្ធជាមួយនឹងបណ្តាអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ជៀសវាងការទទួលបាននូវព័ត៌មានមិនច្បាស់លាស់ ដែលផ្សាយចេញទៅ នាំអោយសាធារណជនក៏ដូចជាប្រជាពលរដ្ឋ មានការភ័ន្តច្រឡំ។ ប្រសាសន៍អំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវកាញ៉ារិទ្ធិ បានធ្វើនៅក្នុងពិធីបិទសិក្ខាសាលា ស្ដីពីតួនាទីអ្នកសារព័ត៌មាន នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ចុងសប្តាហ៍កន្លងមកនេះ។
លោក ខៀវ កាញារីទ្ធ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ ជួយសហការផ្ដល់នូវព័ត៌មានពិត អោយបានទាន់ពេលវេលា ផ្អែកសំខាន់ទៅលើភស្ដុតាង និង តួលេខជាក់លាក់ កុំភូតកុហក ថ្វីត្បិតតែជាការងារស្មុគស្មាញ ប៉ុន្តែវាពិតជាមានសារៈសំខាន់ ប្រសិនបើមិនដូច្នោះទេ គេនឹងស្មាន ហើយការស្មាននេះ នឹងធ្វើឲ្យព័ត៌មាននោះ អាចនឹងខុស។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សតវត្សទី២១នេះ ជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះការផ្សាយព័ត៌មាន មានគ្រប់រូបភាព ដូចជាកាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វេសប៊ុក ធ្វីធ័រ និង យូធូប ។ល។ ដូច្នេះអ្នកមើល និង អ្នកអាន មានជម្រើសច្រើន អាចបែកចែកខុសនិងត្រូវបាន សម្រាប់ការតាមដាននូវរាល់ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើពិភពលោក ខណៈពេលបច្ចុប្បន្ននេះ ការផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានភាពទូលំទូលាយជាងគេ ហើយអ្នកសារព័ត៌មាន មានតែទូរស័ព្ទស្មាតហ្វូនមួយ គឺអាចធ្វើការផ្សាយបានភ្លាមៗ អំពីព្រឹត្តិការណ៍នោះ ហេតុនេះ នៅក្នុងសង្គមប្រជាធិបតេយ្យ ការឆក់យកបេះដូង និង ខួរក្បាល របស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ ជាពិសេសត្រូវអត់ធ្មត់ឲ្យបានខ្លាំងបំផុត ដើម្បីការពន្យល់ និង ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍បញ្ជាក់ទៀតថា ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានទាំងអស់ ត្រូវតែមានចំណេះ ចំនួន៣ គឺចំណេះដឹង ចំណេះធ្វើ និង ចំណេះគិត ហើយការស្វែងរកប្រភពឆ្លើយបំភ្លឺពីអភិបាលខេត្ត ឬថ្នាក់ដឹកនាំកំពូលនៃអង្គភាព ក៏មិនមែនជាការល្អដែរ គ្រាដែលពួកគាត់មានកិច្ចការងារសំខាន់ៗ និង ចាំបាច់ជាច្រើន ដែលត្រូវបំពេញ ដូច្នេះគួរតែស្វែងរកប្រភពពីថ្នាក់ក្រោមបន្ទាប់ ហើយត្រូវធ្វើការកែតម្រូវ ក្នុងករណីសរសេរខុស ព្រោះសព្វថ្ងៃនេះ មានចាងហ្វាង និង អ្នកកាសែតខ្លះ សរសេរអក្សរខ្មែរមិនទាន់ត្រូវនោះទេ។
លោករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា នៅកម្ពុជា មានប្រជាពលរដ្ឋ ប្រមាណ១៥លាននាក់ តែកាសែតមានចំនួនជិត៧០០ ហើយមានកាសែតខ្លះមិនដែលឃើញមុខសោះ និង ចេញផ្សាយតែម្ដងៗនៅពេលជិតបោះឆ្នោត រួចដើរសុំលុយគណបក្ស ដូច្នេះបានធ្វើឲ្យប៉ះពាល់ដល់អ្នកកាសែតត្រឹមត្រូវ ហេតុនេះ ដែលជម្រុញអោយមានការកែសម្រួលបញ្ហាទាំងអស់នេះ។
នៅក្នុងពិធីបិទសិក្ខាសាលា ស្ដីពីតួនាទីអ្នកសារព័ត៌មាន នោះដែរ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ គប្បីប្រកាន់ខ្លួនដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតរបស់សង្គម និងរឿងរ៉ាវផ្សេងៗ, បន្តធ្វើជាស្ពានពីរដ្ឋទៅប្រជាជន ពីប្រជាជនទៅរដ្ឋ នូវកម្មវិធីនយោបាយ និងឱ្យរដ្ឋ បានដឹងពីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានមករដ្ឋវិញ លើកលែងតែបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ , ជួយរិះគន់ស្ថាបនាលើគោលនយោបាយ និងការអនុវត្តទាំងស្ថាប័នរដ្ឋ , ត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ មិននិយាយបំផ្លើស ញុះញង់ , ចង់ឲ្យសារព័ត៌មានចូលរួមវិភាគទានក្នុងការវិភាគទាំងកម្រិតជាតិ និងអន្តរជាតិ និង ត្រូវខិតខំបង្កើនសម្ថភាពភាពវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយ តាមរយៈវិធីបញ្ចេញនូវព័ត៌មានពិត ព្រមទាំងត្រូវធ្វើទំនើបកម្ម តាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងសមត្ថភាព និងធនធានមនុស្ស៕

        

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *