មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មនុស្សចំនួន០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីលួចគោ

មនុស្សចំនួន០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីលួចគោ

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរងទទួលផែន ការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានកិច្ចសហការប្រទាក់ក្រឡាគ្នា រវាងកម្លាំងនគរបាលស្រុកប្រាសាទបាគង , ស្រុកពួក និង កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប រួមជាមួយនឹងកម្លាំងប្រជាការពារស្រុកប្រាសាទបាគង ផងនោះ នៅវេលាម៉ោង០១:២០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈកម្លាំងនគរបាលស្រុកប្រាសាទបាគង កំពុងធ្វើការល្បាតតាមភូមិសាស្ត្រក្នុងស្រុករបស់ខ្លួន ហើយក្រោយ មកក៏មានការរាយការណ៍ពីប្រជាការពារភូមិថា មានឡានកូរ៉េពណ៌ស ចំណុះបីតោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3C-1555 ថាមានដឹកគោឆ្លងកាត់តាមផ្លូវក្នុងភូមិស្ទឹង ធ្វើដំណើរទ្បើងតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅទិសខាងលិច ពេលនេះកម្លាំងសមត្ថកិច្ចដែលកំពុងយាមល្បាត បានធ្វើការឃាត់រថយន្តត្រួតពិនិត្យនៅចំណុចភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដោយនៅក្នុងឡានមានគោចំនួន០៣ក្បាល និងមនុស្សចំនួន០៤នាក់ ប៉ុន្តែពេលសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យជនសង្ស័យម្នាក់បានរត់គេច តែត្រូវបានកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់បានវិញ ហើយនាំយកមកធ្វើការសួរនាំ ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត បានឲ្យដឹងទៀតថា ជនសង្ស័យទាំង០៤នាក់នេះ រួមមាន ៖ ១. ឈ្មោះ ឆន ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិដើមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ , ២. ឈ្មោះ ម៉ម ចាន់ថា ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិចេកចាវ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ , ៣. ឈ្មោះ ឌីសៅរ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិកណ្ដុរស ឃុំបងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង ៤. ឈ្មោះកុក លីសារ ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ ជាម្ចាស់ឡាន នៅភូមិចំការតាពង ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ លោក ភឹង ចិន្ដារ៉េត បានឲ្យដឹងបន្ថែមថា បន្ទាប់ពីសាកសួរជនសង្ស័យទាំង០៤នាក់នេះរួចមក កម្លាំងនគរបាលស្រុកប្រាសាទបាគង បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ឈ្មោះ គា តូ ភេទប្រុស អាយុ៣៩វឆ្នាំ នៅភូមិដូនំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបើតាមចម្លើយសារភាពរបស់ឈ្មោះ ឆន ចាន់រ៉ា បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួចក្នុងខេត្តសៀមរាបចំនួន០៤លើក ក្នុងនោះនៅស្រុកពួក ចំនួន០១លើក និង នៅស្រុកប្រាសាទបាគង ចំនួន០៣លើក ខណៈអ្នកទាំង០៣ផ្សេងទៀត ក៏ធ្លាប់បានធ្វើសកម្មភាពលួចដែរ ហើយរាល់សកម្មលួចមានការបញ្ចាផ្ទាល់ពីឈ្មោះ ឈ្មោះ គា តូ ។ លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត បានឲ្យដឹងបន្ថែមទៀតថា ក្រោយពីការសាកសួរជនសង្ស័យទាំង០៥ នាក់ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចគោក្របីពិតប្រាកដមែន ហើយជាមួយគ្នានេះ សមត្ថកិច្ចបាននាំជនសង្ស័យទៅចង្អុលបង្ហាញ ពីទីតាំងដែលពួកគេប្រព្រឹត្តសកម្មភាព លួចគោក្របី ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត #មន្ទីរព័ត៌មានខេត្តសៀមរាប

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *