មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មហាជនរិះគន់ថា៖លំនៅដ្ឋានកើតមានជាច្រើនខ្នង នៅជុំវិញប្រាសាទគោកយាយមាស

មហាជនរិះគន់ថា៖លំនៅដ្ឋានកើតមានជាច្រើនខ្នង នៅជុំវិញប្រាសាទគោកយាយមាស

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា លំនៅដ្ឋានជាច្រើនខ្នងត្រូវបានគេសាងសង់នៅជុំវិញប្រាសាទគោកយាយមាស ស្ថិតនៅក្នុងភូមិវាលសង្កាត់ជ្រាវ ក្រុងសៀមរាប។ករណីនេះមហាជនដាក់ការសង្ស័យថាការធ្វើសំណង់ទាំងនេះមានភាពមិនប្រក្រតី។ បន្ទាប់ពីមានការរិះគន់នៅក្នុងសារព័ត៌មាននិងបណ្តាញសង្គមហ្វេសបុក នាពេលថ្មីៗនេះយ៉ាងខ្លាំង ទើបគេឃើញមានមន្ត្រីអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរមូលដ្ឋាន បានចុះទៅត្រួតពិនិត្យ ហើយម្ចាស់សំណង់បានបង្ហាញប្លង់រឹងដល់សមត្ថកិច្ចរួចក៏ទៅវិញបាត់អស់។ ពលរដ្ឋវ័យចំណាស់ម្នាក់រស់នៅសង្កាត់ជ្រាវ បាននិយាយថា ក្នុងសង្កាត់ជ្រាវមានបុរាណដ្ឋានច្រើនជាងគេនៅក្រុងសៀមរាប ហើយក៏ត្រូវបានអាជ្ញាធរជាតិអប្សរាទប់ស្កាត់បានខ្លះ និងខ្លះទៀតត្រូវបានគេចាក់ដីធ្វើផ្ទះ,ចាក់ដីលុបរួចលក់ឲ្យឈ្មួញយលលុយចែកគ្នាចាយយ៉ាងគគ្លើន។ប្រភពបន្តថា បច្ចុប្បន្នត្រូវបានគេខ្សឹមខ្សាវមកថា អាជ្ញាធរមូលដ្ឋានខ្លះឃុបឃិតនិងមើលរំលងការរំលោភយកដីសម្បត្តិរដ្ឋ។ឯត្រពាំងនិងទួលបុរាណខ្លះទៀត ត្រូវជំនាញច្រឹបម្តងបន្តិចៗ ដោយលើកយកហេតុផលផ្សេងៗមកអះអាងគ្មានចេះខ្មាស់ ធ្វើឲ្យបាត់ដីកសិណ ជំវិញទួលនិងត្រពាំង ជាបន្តបន្ទាប់។ពលរដ្ឋនិយាយទៀតថា កាលពីមុននៅតាមដីត្រពាំងឬទួលបុរាណ ត្រូវទុកគំលាត ៥០ម៉ែត្រ តែមកទល់ពេលនេះគេទុកតែ៥ម៉ែត្រទេ។ចឹងចុះច្បាប់ដែលបានចែងមកយកទៅណាអស់ហើយ ឬមួយដុល្លារបិទមុខមន្ត្រីជំនាញទាំងនោះអស់ហើយ។ពលរដ្ឋទទូចឲ្យអាជ្ញាធរនិងសមត្ថកិច្ចជំនាញជួយគិតគូទប់ស្កាត់ករណីធ្វើផ្ទះនៅជុំវិញទួលយាយមាស នេះផង។ ជាមួយគ្នានោះដែរ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ សហការជាមួយក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់បានចុះពិនិត្យ ការសាងសង់សំណង់នៅក្នុងតំបន់បុរាណដ្ឋាន”ទួលប្រាសាទយាយមាស”។ ជាក់ស្តែងសំណង់ទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារទួលប្រាសាទ ដូចមានប្លង់ភ្ជាប់ជូនខាងលើដែលអាជ្ញាធរអប្សរាបានផ្ញើជូនមន្ទីរផ្លូវការ។ តែក្រោយមកមានការកែសម្រួលបង្រួមតំបន់ការពារដោយគណៈកម្មការរដ្ឋបាលខេត្ត សៀមរាបក្នុងកំឡុងមុនការបោះឆ្នោតឃុំសង្កាត់ហើយបច្ចុប្បន្នម្ចាស់សំណង់មួយចំនួនទទួលបានប្លង់ដីកម្មសិទ្ធិ(ប្លង់រឹង)រួចរាល់ហើយលើទីតាំងដែលកំពុងសាងសង់និងទីតាំងដែលបានកាត់ចេញពីតំបន់ការពារដោយអជ្ញាធរអប្សរា។កន្លងមកអាជ្ញាធរអប្សរាបានផ្ញើលិខិតលេខ៣៤៤/១៨ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីដើម្បីស្នើសុំប្លង់តំបន់ការពារថ្មីដែលគណៈកម្មការរដ្ឋបាលខេត្តបានសម្រេចកែសម្រួលនិងកាត់ចេញដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់និងបន្តអភិរក្សឲ្យបានគង់វង្សនូវផ្នែកដែលនៅសេសសល់បន្តទៀត។ ប៉ុន្តែមកដល់ថ្ងៃនេះមន្ទីរមិនទាន់បានផ្តល់ប្លង់តំបន់ការពារថ្មីនោះមកអាជ្ញាធរអប្សរានៅឡើយ។ជុំវិញករណីនេះ លោកហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប មិនអាចសុំការពន្យល់ក្នុងករណីនេះបានទេដោយលោកមានប្រសាសន៍ថាលោកកំពុងជាប់ប្រជុំ។ ជុំវិញករណីខាងលើនេះដែរ ពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធ អាចនឹងជួយទប់ស្កាត់ករណីរំលោភដីកសិណណ ទួលយាយមាសនេះផងព្រោះទីតាំងនេះពលរដ្ឋតែតែងគោរពបូជា ខណៈដីរដ្ឋទាំងនេះឈានទៅរកភាពហិនហោចម្តងបន្តិចៗ គួរឲ្យព្រួយបារម្មណ៍៕

About admin

Check Also

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ …

Leave a Reply

Your email address will not be published. Required fields are marked *