មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / កម្លាំងចម្រុះនៃស្រុកប្រាសាទបាគង បន្តចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប

កម្លាំងចម្រុះនៃស្រុកប្រាសាទបាគង បន្តចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប

សៀមរាប៖ កម្លាំងចម្រុះនៃស្រុកប្រាសាទបាគង បានបន្តចុះទៅបង្ក្រាបបទល្មើសជលផលនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុកនិងឃុំមានជ័យ នារដូវហាមនេះ។លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ខែតុលានេះថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩ កន្លងទៅនេះដោយមានកម្លាំងសមត្ថកិច្ចចម្រុះនៃស្រុកប្រាសាទបាគង ដឹកនាំដោយលោកនឹម សុវណ្ណអភិបាលរងស្រុកមានគ្នាចំនួន១៥នាក់ក្នុងនោះ៖នគរបាលស្រុកនិងប៉ុស្តិ៍៧នាក់,អាវុធហត្ថ៤នាក់,ជលផល២នាក់,ឃុំនិងសហគមន៍នេសាទ២នាក់ បានចុះទៅបង្រ្កាបបទល្មើសជលផលនៅចំណុចភូមិសាស្រ្តឃុំកំពង់ភ្លុកនិងឃុំមានជ័យ។ លោកបន្តថា ជាលទ្ធផល សមត្ថកិច្ចបង្រ្កាបបានក្បាលបស្បៃមុង២៥ក្បាល ,សាច់មង៧៥០ម៉ែត្រដុតចោលនិងចម្រឹង៥៥០ដើមកាប់បំផ្លាញចោលនិងព្រលែងកូនត្រីចំនួន១០គីឡូក្រាមចូលបឹងទន្លេសាបវិញ។លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានគូសបញ្ជាក់បន្ថែមតាមទូរស័ព្ទ នារសៀលថ្ងៃទី២៨នេះថា កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង តែងតែចុះបង្ក្រាបបទល្មើសនេសាទនារដូវហាមឃាត់នេះ ជាបន្តបន្ទាប់ដែរ។តែដោយសារពេលវេលានិងការងារមមាញឹកផងទើបសមត្ថកិច្ចចុះ១ខែម្តងរឺ២ដងប៉ុណ្ណោះ។លោកបន្តថា ការចុះបង្ក្រាបបទល្មើសនេសាទនេះដែរ មិនមែនធ្វើតែកម្លាំងចម្រុះស្រុកទេ ពោលគឺកម្លាំងចម្រុះនៃឃុំកំពង់ភ្លុក ក៏ដាក់កម្លាំងប្រចាំការដែរ។

ចំណែក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៨នេះថា កម្លាំងរដ្ឋបាលជលផល បានសហការយ៉ាងល្អជាមួយអាជ្ញាធរស្រុកនិងខេត្ត ដើម្បីរួមគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅតាមបណ្តាស្រុកមួយចំនួនយ៉ាងសកម្មផងដែរ។លោកបន្តថា លោកទទួលស្គាល់ថា សមត្ថកិច្ចចុះបង្ក្រាបមានការចន្លោះប្រហោងខ្លះ ដោយសារតែការចុះបង្ក្រាបម្តងៗត្រូវចំណាយថវិកាច្រើន។លោកបញ្ជាក់ថា ទោះបីជាសមត្ថកិច្ចនិងជំនាញជលផល បង្ក្រាបមិនសូវញឹកញាប់ក្តីក៏លោកនៅតែជំរុញឲ្យមន្ត្រីក្រោមឳវាទខិតខំធ្វើយ៉ាងណាបន្តចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទឲ្យមានការថយចុះ ជាបណ្តើរៗ៕

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *