នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ គេសង្កេតឃើញថា មានពលករខ្មែរជាច្រើន បាននាំគ្នាសម្រុកចូលមកប្រទេសកំណើតវិញ ជាបន្តបន្ទាប់ តាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយពីមានការផ្ទុះរាលដាលនូវជំងឺកូវីដ-១៩ នៅក្នុងខេត្តសាមុតសាខន ប្រទេសថៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ផ្ញើសារពិសេសបន្ទាន់មួយជូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសថៃ។ ក្នុងសារនោះសម្តេច បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានសម្រេច បញ្ចេញរថយន្តកងទ័ពចំនួន៩០គ្រឿង ទៅតាមច្រកព្រំដែនចំនួន៣ដែលជាប់ជាមួយប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឲ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រលប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លាជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើរសារជាសំឡេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់បង្កជំងឺកូវីដ១៩ ដោយក្នុងខ្លឹមសារនោះ សម្តេចបានឲ្យកងទ័ព ចេញរថយន្តទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រៀមទទួលបទបញ្ជា ពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់៣ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋ ចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍៕