មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ក្រសួងបរិស្ថានបាន​ព្រមាន ចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃ ដែលហួសប្រមាណ

ក្រសួងបរិស្ថានបាន​ព្រមាន ចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃ ដែលហួសប្រមាណ

សៀមរាប៖ ក្រសួងបរិស្ថាន បានព្រមានចាត់​វិធាន​ការ តាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែល​នៅ​​តែបន្តសកម្មភាពប្រមូលទិញ លក់ និងដឹកជញ្ជូន​កេសរ​កូល​ព្រៃ ​ឬផ្កាអ័រគីដេព្រៃគ្រប់ប្រភេទ ​ក្នុង​ទ្រង់​ទ្រាយធំ ​ពីតំបន់ការពារធម្មជាតិ​នៅកម្ពុជា ដែលអាច​គំរាម​កំហែង ដល់ប្រភេទ​ពូជផ្កាព្រៃខាងលើនេះ។ ការព្រមានចាត់វិធានការបែបនេះ គឺដើម្បីថែរក្សា និងកិច្ចការពារ នូវប្រភេទកេសកូលរបស់​កម្ពុជាឱ្យ​បានគង់​វង្ស ពិសេសការថែរក្សា ឱ្យ​បាននូវរុក្ខជាតិប្រភេទនេះ ដែលជាអត្ថសញ្ញាណរបស់ជាតិខ្មែរផងដែរ។ ជាមួយគ្នានេះលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង​ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន​បានឱ្យដឹងថា កេសរ​កូល​ព្រៃ គឺជាធនធាន​ធម្ម​ជាតិ​ដ៏កម្រ និងជាកម្មសិទ្ធិរបស់កម្ពុជា ដែលចាំបាច់ត្រូវថែរក្សា និងអភិរក្ស។ ការហាមឃាត់ ឬការទប់​ស្កាត់​ការធ្វើអាជីវកម្មកេសរកូលនេះ ក៏ធ្វើឡើងស្របពេល ដែលអ្នកជំនាញ បាន​និងកំពុងធ្វើការ​សិក្សា ​រក​ចំនួនប្រភេទកេសរកូលព្រៃ ដែលមានវត្តមាននៅកម្ពុជាឱ្យបាន​ច្បាស់​លាស់។ លោកថា៖«ក្រសួងបរិស្ថាន សូមប្រកាសពីវិធានការផ្លូវច្បាប់ ទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិច​បំផ្លាញនៅ​កេសរកូល​ព្រៃ។ យើងនឹងអនុវត្តទៅហ្នឹងវិធានការច្បាប់ ព្រោះក្រសួងបរិស្ថានបាន​ព្រមានរួច​ហើយ ចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃ ដែលហួសប្រមាណ ដែលឈានទៅដល់កម្រឹត​បំផ្លិចបំផ្លាញនេះ ដូច្នេះមិនយោគយល់ចំពោះពួកគាត់ទេ»។ ទាក់ទិនទៅនឹងកេសរកូលព្រៃនេះ អ្នកនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថា ប្រភេទកេសរកូលប្រមាណ ៤០ ភាគរយ ត្រូវបានគេរកឃើញនៅតាមតំបន់ជួរភ្នំក្រវាញ និងរួមទាំងតំបន់ភ្នំបូកគោ។ ចំណែក៣៥ ភាគរយទៀត ត្រូវបានគេរកឃើញនៅតំបន់ឆ្នេរនិង ១៣ ភាគរយព្រៃរបោះស្ងួត ហើយ១០ភាគ​រយទៀត ​ត្រូវ​បានគេរក​ឃើញ នៅតាមតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅ​តំបន់​ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប៕

About admin

Check Also

ក្មេងស្រីអាយុ១ឆ្នាំ និងស្រ្តី២នាក់ត្រូវ រថយន្តដឹកស៊ីម៉ង់ដ៍កិនស្លាប់ភ្លាមៗ

ព្រះវិហារ: រថយន្តដឹកស៊ីម៉ង់ដ៍មួយគ្រឿង បានជ្រុលចង្កូតទៅកិនស្ត្រី២នាក់ និងក្មេងស្រីម្នាក់អាយុ១ឆ្នាំ បណ្តាលអោយស្លាប់ភ្លាមៗ ក្នុងខណ:ពេលពួកគាត់កំពុងអង្គុយលើមូតូអែបចិញ្ចើមផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៨ព្រឹក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិ ហ្មសែត សង្កាត់ប៉ាលហាល …

Leave a Reply

Your email address will not be published. Required fields are marked *