មាតិកាព័ត៌មាន
Home / ព័ត៌មានអន្តរជាតិ / បញ្ហាកាន់តែធំហើយ! អ្នកស្លាប់ និងរបួសជាច្រើននាក់ ដោយសារធាតុគីមី ត្រូវបានអាមេរិក អង់គ្លេស និងបារាំងជំរុញ អោយUN… (មានវីដេអូ​)

បញ្ហាកាន់តែធំហើយ! អ្នកស្លាប់ និងរបួសជាច្រើននាក់ ដោយសារធាតុគីមី ត្រូវបានអាមេរិក អង់គ្លេស និងបារាំងជំរុញ អោយUN… (មានវីដេអូ​)

(យូអិន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំងនៅថ្ងៃនេះបានលើកឡើងនូវដំណោះស្រាយ​មួយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គ​ការ​សហប្រជាជាតិ ដើម្បីថ្កោលទោសទៅលើការវាយប្រហារដោយអាវុធគីមី ដ៏សាហាវឃោឃៅ ដែលបានសម្លាប់ប្រជាជនស្លូតត្រង់​កើនដល់ ១០០នាក់ និងជាង ៤០០នាក់ទៀត​រងរបួសដ៏ខ្លោចផ្សាបំផុតនៅ​ក្នុង​ប្រទេស​ស៊ីរី ហើយវាទំនងជា​នឹងត្រូវដាក់ឲ្យបោះឆ្នោតសម្រេចនៅ​ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ នេះបើ​តាម​ការ​ចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។

ប្រទេសទាំងបី​បានទម្លាក់កំហុសនេះ​ ទៅលើកងកម្លាំង​ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad ចំពោះការវាយប្រហារ​ដ៏ប្រល័យនេះ ខណៈយោធាស៊ីរី​បានទាត់ចោល​ការចោទប្រកាន់​នេះ ហើយបាន​និយាយថា​ ខ្លួននឹងគ្មាន​ថ្ងៃប្រើប្រាស់អាវុធគីមី​នោះឡើយ។ យោងតាមអង្គ​ការឃ្លាំ​មើលសិទ្ធិ​មនុស្សនៅស៊ីរី មនុស្សដែល​បាន​ស្លាប់នៅ​ក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib គឺដោយសារ​តែថប់ដង្ហើម​​ បូករួមជាមួយ​​ឥទ្ធិពល​​របស់ឧស្ម័ននោះ បន្ទាប់ពី​កង​យន្តហោះ​ចម្បាំង​របស់កងទ័ព​រដ្ឋាភិបាល​ស៊ីរី ឬមួយក៏អាច​​ជារបស់​​ប្រទេសរុស្ស៊ី បានបើក​​ការវាយ​លុក​ទៅលើ​តំបន់ ដែលស្ថិត​ក្រោមការ​គ្រប់គ្រង​​របស់ឧទ្ទាមនេះ។

គួរបញ្ជាក់ថាពេលនេះ វានៅមិនទាន់ច្បាស់នៅឡើយទេថារុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់លោក Assad រួមជាមួយចិន នឹងយល់​ឃើញយ៉ាងណាចំពោះដំណោះស្រាយនេះ។ យោងតាមតួលេខចុងក្រោយ ចំនួនប្រជាជនស៊ីវិលស្លូតត្រង់​ ស្លាប់កើនដល់១០០នាក់ នៅក្នុងនោះក៏មានកុមារ ជាច្រើននាក់ផងដែរ ដោយសារតែការវាយ​ប្រហារ​ តាម​ផ្លូវ​អាកាសមួយនៅថ្ងៃអង្គារ ដែលបានបញ្ចេញឧស្ម័នគីមីពុល ទៅលើក្រុង​មួយកន្លែងនៅភាគពាយ័ព្យនៃ ប្រទេសស៊ីរី។ នេះបើតាមការ​អះ​អាង​របស់អង្គការ​​ឃ្លាំងមើលសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសតំបន់​មជ្ឈិម​បូព៌ាមួយនេះ៕

About admin

Leave a Reply

Your email address will not be published. Required fields are marked *