ឧត្តរមានជ័យ : ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកនាថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងការផ្សព្វផ្សាយសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុប២៤២នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារមួយចំនួនរបស់គណបក្ស និងការចូលរួមជាមតិយោបល់របស់អង្គប្រជុំរួចមក ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនគួរឲ្យកត់សម្គាល់។
ទន្ទឹមនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម ក៏បានជំរុញ លើកទឹកចិត្តឲ្យគណៈកម្មាធិការគណបក្សខេត្ត ដកស្រង់អនុសាសន៍របស់ថ្នាក់ដឹកនាំគណបក្ស ដើម្បីយកទៅសិក្សា និងអនុវត្តបំពេញបន្ថែម ដើម្បីពង្រឹង និងពង្រីកភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនេះ កិត្តិសង្គហបណ្ឌិត បានលើកឡើងនូវអនុសាសន៍របស់សម្ដេចតេជោ ប្រធានបក្សប្រជាជនកម្ពុជា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះជូនដល់អង្គប្រជុំ ដែលជាមូលដ្ឋានក្នុងការផ្សព្វផ្សាយ បណ្ដុះមនសិការ ទស្សនៈ និងគោលជំហរក្នុងក្របខណ្ឌគណបក្ស ជូនដល់គ្រប់អង្គការចាត់តាំងនិងរចនាសម្ព័ន្ធបក្សគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាឲ្យកាន់តែមានភាពធន់ និងរឹងមាំ៕