ចាប់ខ្លួនអ្នកកាសែតម្នាក់  ព្រោះប្រទះឃើញគ្រាប់មីនតោនមិនទាន់ផ្ទុះ១គ្រាប់យកមកប្រគល់ឲ្យសមត្ថកិច្ច

ឧត្តរមានជ័យ ៖  អ្នកកាសែតប្រចាំខេត្តឧត្តរមានជ័យម្នាក់ ក្នុងអង្គភាពគេហទំព័រ មាតុភូមិ ឈ្មោះទឺ ពិទូ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១០យប់ នាថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥  ខណៈពេលអ្នកកាសែតខាងលើនិងមិត្តភក្តិម្នាក់ទៀត យកគ្រាប់មីនតោន ចំនួន១គ្រាប់ ដែលប្រទះឃើញនៅលើដី ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងបំណងយកមកប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ដើម្បីទុកប្រគល់អោយអ្នកជំនាញ ស៊ីម៉ាក់ រឺ ហេឡូ បែរជាត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ។

ជំវិញករណីខាងលើ លោក ប៊ុន អ៊ុយ មេប៉ុស្តិ៍សង្កាត់អូរស្មាច់ បានអោយដឹងថា  អ្នកកាសែត និងមិត្តភ័ក្រម្នាក់ទៀត ត្រូវបានចោទប្រកាន់ តាមមាត្រា ៤៩០ពីបទ កាន់កាប់និងដឹកជញ្ជូនអាវុធ គ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ និង សមត្ថកិច្ច និងមាត្រា ទី៤៩១ ពីបទបោះបង់អាវុធគ្រឿងផ្ទុះ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃក្នុងទីសាធារណ: នៃក្រមព្រហ្មទណ្ឌ ។

សរុបសេចក្តីជារួម ទង្វើលោក ទី ពិទូ និងមិត្តភ័ក្ររបស់គាត់ពិតជាធ្វើខុស ធ្ងន់ធ្ងរ ប្រាកដមែន តែក៍ក្នុងន័យចេតនាល្អរដែរ ដោយសង្ឃឹមថា  បានជួយដល់សង្គមជាតិ ក្រែងមានគ្រោះថ្នាក់ដល់ពលរដ្ឋពេលក្រោយ ទើបដឹកជញ្ជូនប្រគល់អោយសមត្ថកិច្ច ដើម្បីប្រគល់បន្តរទៅអង្គការជំនាញជាតិផ្ទុះ ទាំងមិនបានគិតជ្រៅជ្រះពីច្បាប់នោះទេ ។
តែធ្វើម៉េចបើ បានជាប្រព្រឹតខុសទៅហើយ ដូចនេះក្នុងនាមអង្គភាពសារព័រមាន គេហទំព័រ ព្រះចន្ទកម្ពុជា សូមអង្វរដល់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឯកឧត្តម អ៊ុ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ មេត្តាអនុគ្រោះលើកលែងទោសកំហុស ដល់លោក ទឺ ពិទូ និងមិត្តភ័ក្រគាត់ម្នាក់ទៀតអោយមានសេរីភាពវិញផងចុះ ៕

Leave a Reply

Your email address will not be published. Required fields are marked *