ឧត្តរមានជ័យ នៅព្រឹកនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅ ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)និងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. ) ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តឧត្តរមានជ័យ សរុបប្រមាណ ៣៦២រូប។
ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តឧត្តរមានជ័យទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។ ឯកឧត្តមបានចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ បានសម្រេចបាន ជាពិសេសនោះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការអបអរសាទរ ចំពោះឯកឧត្តម មាន ចាន់យ៉ាដា ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តឧត្តរមានជ័យផ្ទាល់ និងបណ្ដាខេត្តជិតៗនេះផងដែរ។ ឯកឧត្តម ក៏បានបន្ថែមផងដែរថា ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញពីបេសកម្ម ដោយបានសម្រេចអស់រយៈពេល១២ឆ្នាំ កន្លងមកនេះ ក្រុមគ្រួសារស.ស.យ.ក.បានរួមដៃគ្នាសហការ និងរួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ ក្នុងការបន្តរ ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងរយះពេល ១២ ឆ្នាំ បន្ទាប់ពីការកែប្រែឈ្មោះ ស.ស.យ.ក. បានសម្រេចនូវសមិទ្ធផលជាច្រើន ហើយមកដល់បច្ចុប្បន្ននេះ ឯកសណ្ឋាន និង Logo ស.ស.យ.ក. ទទួលបានការទទួលស្គាល់ និងមានឈ្មោះល្បីរន្ទឺក្នុងនាមជាអង្គការយុវជនមួយនៅកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ការទទួលស្គាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនេះ កើតចេញពីការប្រព្រឹត្តអំពើល្អ ការងារស្ម័គ្រចិត្ត និងការលះបង់របស់សមាជិក សមាជិកា ស.ស.យ.ក. យើង។
ឯកឧត្តមបានបន្ថែមថា « បេសកកម្មស.ស.យ.ក. គឺបន្តស្មារតី ២ ធ្នូ តាមរយៈការបង្កើតឱកាសរៀបចំកម្មវិធីនាំមកនូវការជួបជុំ រួបរួម ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ និងនាំមកនូវការឯកភាពទស្សនៈជាតិ»។ ផ្សាភ្ជាប់នឹងការលើកឡើងនេះ ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈកម្មវិធីនីមួយៗ ដែលស.ស.យ.ក. បានរៀបចំគឺមានគោលបំណង នាំមកនូវការជួបជុំ បង្កើនទំនាក់ទំនង មិត្តភាព និងការចូលរួមកិច្ចការសង្គមដើម្បីប្រជាជាតិកម្ពុជា។ ក្នុងន័យនេះ តាមរយះកម្មវិធី នឹងនាំសមាជិក សមាជិកា មកជួបជុំគ្នា បង្កើតស្នាមញញឹមជាមួយគ្នា ក្នុងនាមជាក្រុមគ្រួសារខ្មែរ។
សូមជម្រាបជូនថា ដោយមានការគាំទ្រ និងជ្រោមជ្រែងពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម គីម រិទ្ធី អនុប្រធាន ស.ស.យ.ក.បានលើកឡើងថា អគារថ្មីរបស់ស.ស.យ.ក. ខេត្តឧត្តរមានជ័យ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែមករា ឆ្នាំ២០២២ និងទើបតែត្រូវបានបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា អគារមានទំហំ ១,០៨០ ម៉ែត្រក្រឡា កម្ពស់២ ជាន់ និងមាន១០ បន្ទប់។
ក្រោយពិធីបានបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញពិសារអាហារសាមគ្គីយ៉ាងសប្បាយរីករាយជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ដែលជាសមាជិកសមាជិការ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ៕