មកដឹងពីមូលហេតុមុនជនដៃដល់ឈានទៅធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ  នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ  យោងតាមកំណត់ហេតុរបស់កម្លាំងជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ជាមួយនិងសម្តីសារភាពពីជនល្មើស បានអោយដឹងថា  មុនពេលឈានដល់ករណីសម្លាប់នារីរងគ្រោះឈ្មោះ អូន អាន អាយុ២៦ឆ្នាំ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅចំណុចកូនអូរមួយកន្លែង ស្ថិតក្នុងភូមិអូស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនោះ  ជនល្មើសឈ្មោះ សេង ឃាត បានប្រើអំពើហឹង្សាទៅស្ត្រីជាប្រពន្ធកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយវាយដំទាត់ធាក់និងកាប់ចំនួន៣កាំបិត ដោយ១កាំបិតចំត្រង់ក្បាលនិងដេរចំនួន៥ថ្នេរ  បន្ទាប់ពីធ្វើសកម្មភាពប្រើអំពើហឹង្សាលើប្រពន្ធរួចហើយ ជនដៃដល់ក៍បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ព្រោះដឹងថា កម្លាំងនគរបាលនៃស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាមចាប់ខ្លួន ដោយយោងតាមពាក្យបណ្តឹងពីប្រពន្ធជនដៃដល់ ។
លុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃធ្វើសកម្មភាពប្លន់សម្លាប់នារីរងគ្រោះខាងលើ  គឺជនល្មើសបានឃើញនារីរងគ្រោះកំពុងឌុបបន្លែត្រីសាច់លក់តាមផ្លូវ លុះនារីរងគ្រោះឌុបលក់ដល់ចំណុចព្រៃស្ងាត់ក្បែរកន្លែងកើតហេតុ ឈ្មោះ សេង ឃាត ដែលជាជនល្មើស បានចេញពីព្រៃឃាត់នារីរងគ្រោះហើយទិញសាច់ជ្រូក៥០០០៛ បន្ទាប់មកខ្ចីលុយ២០ម៉ឺន៛ពីនារីរងគ្រោះបន្ថែមទៀត ដោយប្រាប់ថា យកទៅទិញសម្ភារៈឡើងភ្នំកាប់ឈើ ហើយចាំយកឈើចុះមកលក់និងសងលុយវិញ តែនារីរងគ្រោះថាមិនមាននោះទេ  ហើយនារីរងគ្រោះរៀបនិងជិះម៉ូតូចេញហើយ តែជនល្មើសបានចាប់ដៃជាប់ នារីរងគ្រោះភ័យក៍ស្រែកអោយគេជួយ ពេលឃើញហេតុកាណ៍មិនស្រួល ជនល្មើសក៍បានយកក្រណាត់ខ្ទប់មាត់និងច្របាច់ក រហូតដល់សន្លប់ ហើយអូសយកទៅដាក់ដេកផ្កាប់មុខក្នុងទឹកអូរ  រួចក៍បានទម្លាក់កញ្ឆេរបន្លែត្រីសាច់របស់នារីរងគ្រោះ ហើយយកម៉ូតូ ព្រមទាំងលុយ៧០ម៉ឺនរៀល និងទូរស័ព្ទម៉ាកoppo មួយគ្រឿង និងជិះទៅសំងំលាក់ខ្លួនក្នុងភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូ ខេត្តកំពង់ធំ បន្ទាប់មកកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងធំកំណត់មុខសញ្ញានិងតាមចាប់ខ្លួនបាននាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះតែម្តង ។ បន្ទាប់ពីធ្វើកំណត់ហេតុសារភាពរបស់ជនដៃដល់ឈ្មោះ សេង ឃាត រួចរាល់ កម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកម៉ូតូនិងទូរស័ព្ទនារូរងគ្រោះ កម្លាំងជំនាញក៍បានប្រគល់ជូនប្តីរបស់នារីរង ។ គ្រោះវិញ ដោយឡែកលុយ៧០ម៉ឺន៛ ជនល្មើសបានចាយអស់ហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *