យុវជនកាកបាទក្រហម ថ្នាក់ជាតិនិងអន្តរជាតិ បោះតង់ជំរំក្នុងខេត្ត ឧត្តរមានជ័យរយ:ពេល៥ថ្ងៃ

ឧត្តរមានជ័យ : យុវជនកាកបាទក្រហមកម្ពុជា បានរៀបចំព្រឹត្តការណ៍ បោះជំរំថ្នាក់ជាតិ និងអន្តរជាតិឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅរយ:ពេល៥ថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ គឺគិតចាប់ពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤រហូតដល់ថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២៤ខាងមុខនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ឯកឧត្តម មានចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ចុះត្រួតពិនិត្យបន្ថែមក្នុងការរៀបចំ បោះជំរំរបស់យុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងអន្តរជាតិឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណពហុកីឡាដ្ធានខេត្ត។
គួររំលឹកថាបើយោងទៅតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តឧត្តរមានជ័យ  បានប្រកាសថា ចាប់ពីថ្ងៃទី២៩ខែវិច្ឆិកា ដល់ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ អាជ្ញាធរមិនអនុញ្ញាតឲ្យសាធារណជន ប្រើប្រាស់និងបង្ហោះដ្រូន  ក្នុងភូមិសាស្រ្តក្រុង បរិវេណទីតាំងបោះជំរំ តាមបណ្តោយផ្លូវជាតិលេខ៦៨ ចាប់ពីក្រុងសំរោងដល់ស្រុកចុងកាល់ និងទីតាំងចែកអំណោយនៅឃុំចុងកាល់ ឡើយ  ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៏ដោយលើកឡើងថា វិធានការនេះធ្វើឡើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពនៅជុំវិញទីតាំងបោះជំរំ និងទីកន្លែងទស្សន:កិច្ចសិក្សារបស់គណ:ប្រតិភូជាតិនិងអន្តរជាតិ នៅតាមបណ្តាក្រុង និងស្រុកមួយចំនួន ក្នុងខេត្តនេះ។
ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹង កាលពីអំឡុងថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៤កន្លងមកនេះរដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិនិងផ្លូវក្នុងក្រុង ស្រុក និងមន្ទីរនានា ជុំវិញខេត្ត ត្រូវសម្អាតអនាម័យ   បរិស្ថាន និងលើកទង់ជាតិ ផងដែរ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៩នេះ រហូតដល់ថ្ងៃទី៣ធ្នូ ឆ្នាំ២០២៤។ (ដោយ ពៅ ស្រីវេន )

Leave a Reply

Your email address will not be published. Required fields are marked *