ឧត្តរមានជ័យៈ រថយន្ត១គ្រឿងបើកបរក្នុងល្បឿនលឿន និងបានរេចង្កូតក្រឡាប់កណ្តាលផ្លូវ បណ្តាលអោយមនុស្សម្នាក់ស្លាប់និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ។ ទីតាំងកើតហេតុខាងលើ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤នេះ ។ រថយន្តគ្រោះថ្នាក់ខាងលើ ជាប្រភេទដឹកទំនិញធុនតូច ម៉ាកមីហ្ស៊ីមីហ្ស៊ុយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM.3148 ដោយខូចខាតយ៉ាងធ្ងន់ធ្ងរ ។
យោងតាមការអះអាងពីសមត្ថកិច្ចជំនាញនគរបាលចរាចរណ៏ស្រុកចុងកាល់ដែលនៅទីតាំងកើតហេតុផ្ទាល់បានអោយដឹងថា ដោយឆ្លងតាមការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុមូលហេតុ គឺរថយន្តបង្ករដោយខ្លួនឯង ដោយមកពីអ្នកបើកបរ បើកក្នុងល្បឿនលឿនពេកពុំមានការប្រុងប្រយ័ត្ន មួយវិញទៀតអ្នកបើកបរ រវល់អោនរើសទូរស័ព្ទក្នុងឡានផង ទើបបណ្តាលអោយរថយន្តរេចង្កូតក្រឡាប់ជាច្រើនត្រឡប់តែម្តង និងមិនមានប៉ះពាល់ដល់មនុស្ស រឺក៍មូតូ រថយន្តផ្សេងទៀតនោះទេ ។ (ដោយ ពៅ ស្រីវេន )