ឧត្តរមានជ័យៈ នៅរសៀលនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ ដឹកនាំដោយឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ហោ ជិនវិរៈយុទ្ធ អភិបាលរងខេត្តតំណាង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១២ឆ្នាំ នៃការយាងចូលព្រះទីវង្គតរបស់ព្រះអង្គ ក្នុងព្រះជន្មាយុ៩០ព្រះវង្សា ដោយជរាពាធ។
ពិធីនេះ បានធ្វើឡើង នៅក្នុងសាលប្រជុំសាលាខេត្តឧត្ដរមានជ័យដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក-លោកស្រី កងម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រី រាជការ មន្ទីរ អង្គភាពជុំវិញខេត្តច្រើននាក់ផងដែរ។
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត បានឡើងអុជធូប និងធ្វើការស្មឹងស្មាធិ៍ គោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងធ្វើការបួងសួង សូមឲ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋយាង្គ ទៅកាន់ឋានបរមសុខ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំនេះ ធ្វើឡើងដើម្បីសំដែងនូវការគោរព ស្រឡាញ់ និងរំលឹកគុណូបការៈ ដ៏ធំធេងរបស់ព្រះអង្គ (សម្តេចឪសម្តេចតា សម្តេចតាទួត) ដែលព្រះអង្គបានបំពេញរាជកិច្ច និងមានស្នាព្រះហស្ថដ៏ធំធេង ឧត្តុង្គឧត្តម ចំពោះជាតិមាតុភូមិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវីរសកម្មភាព ដ៏លើសលប់របស់ព្រះអង្គ ដែលធ្វើ ព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យបូរណភាពទឹកដី ឯកភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត និងកិត្យានុភាពដ៏ល្បីល្បាញ នៅលើសកលលោក៕